សេចក្តីផ្តើម:
នេះជាខ្លឹមសារ និងលក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំទុកជាមុនតាមរយៈគេហទំព័ររបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។
សូមលោកអ្នកធ្វើការអានដោយប្រុងប្រយ័ត្នមុននឹងលោកអ្នកធ្វើការដាក់ពាក្យស្នើសុំ។ នៅពេលដែលលោកអ្នក ចុចលើពាក្យ “យល់ព្រម” ទៅលើ ខ្លឹមសារ និងលក្ខខណ្ឌនេះ មានន័យថា លោកអ្នកបានយល់ព្រម និងអនុវត្តតាមខ្លឹមសារ និងលក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំទុកជាមុនតាមរយៈគេហទំព័ររបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី។ ប្រសិនបើលោកអ្នកមិនយល់ ឬ មិនច្បាស់លាស់អំពីចំណុចណាមួយនៃ ខ្លឹមសារ និងលក្ខខណ្ឌនេះ សូមធ្វើការទំនាក់ទំនងមកកាន់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដើម្បីសុំសេចក្តីបញ្ជាក់ និងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០២៣ ៩៨៨ ៥៥៥ ។
ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមរក្សាសិទ្ធិក្នុងការកែប្រែខ្លឹមសារ និងលក្ខខណ្ឌទាំងនេះគ្រប់ពេល ដោយបញ្ចូលខ្លឹមសារ និងលក្ខខណ្ឌនៅលើគេហទំព័ររបស់ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ដោយមិនចាំបាច់ជូនដំណឹងជាមុន។ លោកអ្នកបានយល់ព្រមថា នឹងពិនិត្យនូវរាល់ខ្លឹមសារ និងលក្ខខណ្ឌដែលមានចែងជាទៀងទាត់ ហើយលោកអ្នកព្រមទទួលយកការកែប្រែខ្លឹមសារ និងលក្ខខណ្ឌនានាប្រសិនបើមាន។
បុគ្គលដែលបញ្ជាក់នៅក្នុង “ព័ត៌មានអ្នកស្នើសុំ” (តទៅនេះហៅថា “អ្នកស្នើសុំ”) និង ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី (តទៅនេះហៅថា “អ្នកទទួលពាក្យ”) បានព្រមព្រៀងគ្នាដូចខាងក្រោម៖
1. អ្នកស្នើសុំ យល់ព្រមឲ្យ អ្នកទទួលពាក្យ ប្រមូលព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំទុកជាមុននេះ និងព័ត៌មានដទៃទៀតដែលពាក់ព័ន្ធនឹងពាក្យស្នើសុំនេះ ដើម្បីធ្វើការវិនិច្ឆ័យ។ អ្នកស្នើសុំក៏យល់ព្រមផងដែរក្នុងការបើកចំហរព័ត៌មានទាំងនេះ ទៅឲ្យតតិយជន សម្រាប់គោលបំណងដូចមានចែងក្នុងប្រការ ៨ នៃប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទាន។ អ្នកស្នើសុំយល់ថា អ្នកផ្តល់សេវាប្រព័ន្ធចែករំលែក ព័ត៌មានឥណទាន និងអ្នកទទួលពាក្យ នឹងទទួលខុសត្រូវលើការប្រមូល ការដាក់ឲ្យដំណើរការ និងផ្សព្វផ្សាយទិន្នន័យ។ អ្នកស្នើសុំ មានសិទ្ធិទទួលព័ត៌មាន និងទិន្នន័យរបស់ខ្លួន និងមានសិទ្ធិតវ៉ា ដើម្បីស្នើសុំ ឬ កែតម្រូវ ឬ លុបចោលទិន្នន័យទាំងនោះ ប្រសិនបើមានហេតុផលគ្រប់គ្រាន់ស្របតាមនីតិវិធីដូចដែលមានចែងក្នុងប្រកាសស្តីពី ការចែកព័ត៌មានឥណទាន និង/ឬ ក្រមប្រតិបត្តិ។ អ្នកទទួលពាក្យ អាចប្រើប្រាស់ព័ត៌មានដែលផ្តល់នៅក្នុងខ្លឹមសារ និងលក្ខខណ្ឌនេះ ជាទិន្នន័យសម្រាប់ផ្តល់សេវាកម្ម និងផលិតផលដូចជា សេវាឥណទាន សេវាបង់រំលស់ ប័ណ្ណឥណទាន ការទូទាត់បំណុល និងក្នុងគោលបំណងផ្សេងៗទៀតនាពេលអនាគត។ ហេតុដូច្នេះ អ្នកស្នើសុំមិនត្រូវធ្វើការកែប្រែចំពោះការយល់ព្រមរបស់ខ្លួន ទោះក្នុងករណីណាក៏ដោយ និងមិនធ្វើការទាមទារសំណងការខូចខាត ពីអ្នកទទួលពាក្យ ឬ ពីបុគ្គល ឬ ពីនីតិបុគ្គលដែលបានទទួលព័ត៌មាននោះទេ។ អ្នកស្នើសុំ ត្រូវតែជូនដំណឹងទៅអ្នកទទួលពាក្យ ជាបន្ទាន់ ប្រសិនបើមានការផ្លាស់ប្តូរនូវព័ត៌មានទាំងនោះ។
2. អ្នកស្នើសុំយល់ព្រមឲ្យ ភ្នាក់ងារឥណទានរបស់ អ្នកទទួលពាក្យ ធ្វើការទំនាក់ទំនងត្រឡប់ក្នុងពេលវេលាសមស្របណាមួយនៃភាគីទាំងសងខាង ដើម្បីសួរបញ្ជាក់ព័ត៌មាន និងប្រមូលព័ត៌មានបន្ថែមផ្សេងៗដែលតម្រូវពី ភាគីអ្នកទទួលពាក្យ ដើម្បីឲ្យមានលក្ខណៈគ្រប់គ្រាន់ ក្នុងការវិនិច្ឆ័យ និងអនុម័ត ឥណទាន។
3. ការដាក់ពាក្យស្នើសុំទុកជាមុននេះ គ្រាន់តែជាមូលដ្ឋានបឋមក្នុងការវិនិច្ឆ័យ ដើម្បីឈានដល់ការអនុម័តឥណទានតែប៉ុណ្ណោះ។ ដូច្នេះ អ្នកទទួលពាក្យ សូមរក្សាសិទ្ធិក្នុងការបដិសេធមិនធ្វើការទំនាក់ទំនងត្រឡប់ ឬ បន្តការងារនៃការវិនិច្ឆ័យ ប្រសិនបើយល់ថាលក្ខខណ្ឌមិនសមស្រប ដោយមិនចាំបាច់ជូនដំណឹង និងប្រគល់ឯកសារដែលទាក់ទងនឹងឥណទាន ទៅឲ្យអ្នកស្នើសុំវិញឡើយ។
4. អ្នកស្នើសុំ អាចធ្វើការសម្រេចចិត្តមិនបន្តការដាក់ពាក្យជាផ្លួវការ ដោយធ្វើការផ្តល់ដំណឹងនៅពេលដែល ភ្នាក់ងាររបស់ អ្នកទទួលពាក្យ ធ្វើការទំនាក់ទំនងទៅ។ ប៉ុន្តែ អ្នកស្នើសុំ មិនអាចទាមទារឲ្យ អ្នកទទួលពាក្យ លុបចោលនូវព័ត៌មានដែលបានផ្តល់តាមរយៈគេហទំព័ររួចនោះទេ។
5. ខ្លឹមសារ និងលក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំទុកជាមុនតាមរយៈគេហទំព័រនេះ មិនមែនជាខ្លឹមសារ និងលក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំជាផ្លូវការទេ។ ខ្លឹមសារ និងលក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំជាផ្លូវការ នឹងផ្តល់ជូននៅពេលដែល អ្នកស្នើសុំយល់ព្រមធ្វើការដាក់ពាក្យស្នើសុំជាផ្លូវការ។
6. ដែនកំណត់នៃការទទួលខុសត្រូវ៖ ក្នុងករណីណាក៏ដោយ អ្នកទទួលពាក្យ ក្រុមហ៊ុនជាអាណាព្យាបាល ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង បុគ្គលិកក្រុមហ៊ុន ឬ ភាគីផ្គត់ផ្គង់សេវាកម្មឲ្យ អ្នកទទួលពាក្យ មិនទទួលខុសត្រូវ រាល់ការបាត់បង់ប្រាក់ចំណេញ ឬ ផលប៉ះពាល់ខូចខាតពិសេសណាមួយ ដោយចៃដន្យ ឬ ផលវិបាកនៃការខូចខាតដែលកើតមានឡើងទៅលើអ្នកស្នើសុំ ដែលមិនស្ថិតនៅក្រោមទំនាក់ទំនង ឬ សមត្ថកិច្ចរបស់យើងខ្ញុំឡើយ។
7. សំណងជំងឺចិត្ត៖ អ្នកស្នើសុំ យល់ព្រមសងសំណងជំងឺចិត្ត និង មិនបង្កគ្រោះថ្នាក់ដល់អ្នកទទួលពាក្យ ក្រុមហ៊ុនអាណាព្យាបាល ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក អ្នកគ្រប់គ្រង បុគ្គលិកក្រុមហ៊ុន ពីការទាមទារ ឬ តម្រូវការណាមួយ (រួមទាំងកំរៃសេវាមេធាវី) ដែលធ្វើឡើងដោយខ្លួនឯង តាមរយៈការបំពានលើខ្លឹមសារ និងលក្ខខណ្ឌនេះ។
8. ខ្លឹមសារ និងលក្ខខណ្ឌនេះ ត្រូវចងកាតព្វកិច្ច និងធានា ជាប្រយោជន៍រវាង អ្នកស្នើសុំ និងអ្នកទទួលពាក្យ ហើយនិងទាយាទ អ្នកតំណាង សិទ្ធិវ័ន្ត និងសន្តតិជនរបស់ពួកគេរៀងៗខ្លួន។
9. បញ្ញតិ្តនៃខ្លឹមសារ និងលក្ខខណ្ឌនេះ មានលក្ខណៈដាច់ដោយឡែកពីគ្នា។ ប្រសិនបើបញ្ញត្តិណាមួយនៃខ្លឹមសារ និងលក្ខខណ្ឌនេះ ក្លាយជាមោឃៈ ខុសច្បាប់ ឬ មិនដាក់ឲ្យអនុវត្តបាន បញ្ញត្តិផ្សេងទៀតនៃ ខ្លឹមសារ និងលក្ខខណ្ឌនេះ នៅតែមានសុពលភាព ស្របច្បាប់ និងអាចដាក់ឲ្យអនុវត្តបានស្របតាមច្បាប់។
10. ខ្លឹមសារ និងលក្ខខណ្ឌនេះ ត្រូវស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ រាល់វិវាទដែលកើតឡើង ឬ ទាក់ទងនឹងខ្លឹមសារ និងលក្ខខណ្ឌនេះ ត្រូវដោះស្រាយដោយការស្រុះស្រួលគ្នារវាងគូភាគី។ ប្រសិនបើវិវាទមិនអាចដោះស្រាយក្នុងរយៈពេល ១ខែទេ ភាគីនៃខ្លឹមសារ និងលក្ខខណ្ឌនេះ អាចបញ្ជូនវិវាទនោះទៅតុលាការដែលមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។