អាហារូបករណ៍ដោយមូលនិធិក្លឹបអ៉ីអន ១%
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី ព្រមទាំង បណ្តាក្រុមហ៊ុនដែលស្ថិតក្នុង អ៉ីអនគ្រុប បានរៀបចំពិធីប្រគល់អាហារូបករណ៍របស់មូលនិធិក្លឹបអ៉ីអន១% ដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលពិធីនេះបានប្រារព្ធឡើងនៅផ្សារទំនើបអ៉ីអនម៉ល សែនសុខ ស៊ីធី។ និស្សិតចំនួន ២៣នាក់ បានទទួលអាហារូបករណ៍នេះ ដែលក្នុងនោះរួមមាននិស្សិតថ្មីចំនួន ១០នាក់ ហើយពួកគាត់បានធ្វើសុន្ទរកថាស្តីពី “ក្តីស្រមៃរបស់ខ្ញុំ”។
លើសពីនេះទៅទៀត នេះជាលើកដំបូងនៅកម្ពុជា ដែលមូលនិធិក្លឹបអ៊ីអន១% បានរៀបចំការប្រកួតសុន្ទរកថាជាភាសាជប៉ុនសម្រាប់និស្សិតដែលកំពុងសិក្សាភាសាជប៉ុននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ បេក្ខជនដែលមានទេពកោសល្យចំនួន ៥នាក់ ត្រូវបានជ្រើសរើសតាមការពិនិត្យវីដេអូ។ បេក្ខជននីមួយៗមានរយៈពេល ៣នាទីដើម្បីធ្វើសុន្ទរកថា ជាភាសាជប៉ុនស្តីអំពីប្រធានបទ “អ្វីដែលយើងអាចធ្វើបានដើម្បីការពារភពផែនដី”។ ជ័យលាភីទី១ និងទី២ ក្នុងការប្រកួតសុន្ទរកថាជាភាសាជប៉ុននេះ នឹងទទួលបានឱកាសចូលរួមការប្រកួតសុន្ទរកថានៅប្រទេសជប៉ុនជាមួយជ័យលាភីមកពីបណ្តាប្រទេសអាស៊ាន ព្រមទាំងបានទទួលបទពិសោធន៍ពីវប្បធម៌ និងប្រវត្តិសាស្ត្រជប៉ុនផងដែរ។


